ក្នុងបទសម្ភាសន៍ជាមួយ Sabay លោក ឆាយ វីរៈយុទ្ធ បាននិយាយថា នេះជាដំណើរលើកទីពីរហើយមកកាន់ខេត្តប៉ៃលិនដើម្បីសម្តែង ខណៈលើកទី១បានកើតឡើងកាលពី២ឆ្នាំមុន ក្នុងកម្មវិធីច្រៀងលក់សំបុត្រមួយ។ តារាចម្រៀង វ័យ២៥ឆ្នាំដែលអះអាងមិនទាន់ចង់ខ្វល់រឿងស្នេហារូបនេះបន្តថា លោកពិតជារីករាយ ក្នុងការចេញសម្តែងលើកនេះ ព្រោះក្រៅពីការកម្សាន្ត លោកមានឱកាសរួមចំណែកអប់រំបំផុសថែមទៀតដល់បងប្អូននៅខេត្តប៉ៃលិន លើការបញ្ចៀសខ្លួនពីគ្រោះថ្នាក់ដោយសារជំងឺគ្រុនចាញ់។
បទ”ដកដង្ហើមហូរទឹកភ្នែក” ”សង្សារតារា” និងបទ”ខ្លាចការពិតត្បិតមិនចង់បែក” ជាបទចម្រៀងក្នុងចំណោម៦បទ ដែលលោក ឆាយ វីរៈយុទ្ធ គ្រោងយកទៅបំពេរអារម្មណ៍បងប្អូនប្រជាពលរដ្ឋ មិត្តយុវវ័យក្នុងខេត្តប៉ៃលិន។
លោក សូ ផាន់ណា អ្នកគ្រប់គ្រងកម្មវិធីតន្ត្រី”ប្រយ័ត្នមូស” របស់អង្គការឆេមស៍ ដែលប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះ បាននិយាយថា នេះជាលើកទី១ដែលតន្រ្តី”ប្រយ័ត្នមូស”ត្រូវប្រារព្ធឡើងក្នុង ខេត្តភាគខាងលិចប្រទេសដូចជាប៉ៃលិននេះ។ ការប្រគំតន្ត្រីនេះ ក្នុងគោលបំណងបំផុសឲ្យប្រជាពលរដ្ឋក្នុងតំបន់ បង្កើនការប្រុងប្រយ័ត្នចំពោះសត្វមូសខាំ ចៀសវាងកើតជំងឺគ្រុនចាញ់ ព្រោះតែនៅតំបន់នេះសំបូរព្រៃឈើ។
អ្នកគ្រប់គ្រងកម្មវិធីរូបនេះ បន្តថា លោកបានជ្រើសរើសយកតារាចម្រៀង និងតារាកំប្លែងផងដែរ មានដូចជា លោក ឆាយ វីរៈយុទ្ធ កញ្ញា មាស សុខសោភា លោក ពែកមី ពូឃ្លាំង ជាដើម ឲ្យចូលរួម ព្រោះយល់ថា សិល្បករទាំងនេះសុទ្ធតែជាអ្នកល្បីល្បាញក្នុងស្រទាប់មហាជន ដែលអាចថា ធ្វើឲ្យប្រជាពលរដ្ឋ កាន់តែចាប់អារម្មណ៍ពីបញ្ហាខាងលើ ដូចចាប់អារម្មណ៍ពួកគាត់(សិល្បករ)ដែរ។ លោក ផាន់ណា បានបញ្ជាក់ជាចុងក្រោយថា ដោយសារជាលើកដំបូង ដូច្នេះលោកត្រូវរង់ចាំមើលពីលទ្ធផលសិន មុនពេលនិយាយថា តន្រ្តីដដែលនេះ អាចរៀបចំតាមបណ្តាខេត្តនានាទៀត ឬអត់នាពេលខាងមុខនោះ៕
0 comments:
Post a Comment